ក្រុមហ៊ុន ផុស្ការ និងធនាគារ កាណាឌីយ៉ា រួមសហការគ្នាបង្កើតដំណោះស្រាយបែបឌីជីថល និងមានភាពនវានុវត្តន៍ សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម

(ភ្នំពេញ)៖ ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក និងធនាគារ កាណាឌីយ៉ា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីរួមគ្នាបង្កើតដំណោះស្រាយបែបឌីជីថល និងមានភាពនវានុវត្តន៍សម្រាប់បញ្ហាគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ដែលបានជួបប្រទះជារៀងរាល់ថ្ងៃ។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានដោយលោកស្រី ស៊ុំ ស៊ីផា អគ្គនាយកក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក (Chief Executive Officer) និងលោក Raymond Sia Say Gaun អគ្គនាយកធនាគារ កាណាឌីយ៉ា (Chief Executive Officer) ដែលមានទីតាំងនៅអគារកាណាឌីយ៉ា។

លើកឡើងនាឱកាសនោះលោកស្រី ស៊ុំ ស៊ីផា បានឱ្យដឹងថា Poscar Digital និងធនាគារកាណាឌីយ៉ា បានក្លាយជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ហើយតាមរយៈកិច្ចសហការនេះយើងកំពុងបន្ថែមតម្លៃបន្ថែមទៀតដល់សង្គម និងភាពជាដៃគូរបស់យើង។ ការសហប្រតិបត្តិការនេះដើម្បីគាំទ្រ និងកែលម្អរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ការតភ្ជាប់ការទូទាត់តាមឌីជីថល និងកិច្ចសហការនាពេលអនាគតបន្ថែមទៀត។

លោកស្រី ស៊ុំ ស៊ីផា បានបន្តទៀតថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជា ភាពជាដៃគូឆ្ពោះទៅរកផលិតផលមួយរបស់ Poscar Digital ដែលត្រូវបានគេស្គាល់ថា Vithean ។ Vithean គឺជាប្រព័ន្ធគណនេយ្យអនឡាញដែលទើបបង្កើតថ្មីដែលផ្តួចផ្តើមដោយ Poscar Digital ជាមួយនឹងសេវាកម្មគណនេយ្យអនឡាញ និងបទពិសោធន៍សំខាន់ៗដែលយើងប្តេជ្ញាបង្កើតភាពវិជ្ជមានដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈគម្រូ platform របស់ Vithean ដែលមានឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុ និងផែនហិរញ្ញវត្ថុកម្រិតខ្ពស់បែបវិជ្ជាជីវ។

លោកស្រី បានបន្ថែមថា Poscar Digital និងធនាគារកាណាឌីយ៉ា អាចមើលឃើញសក្តានុពលដ៏សំខាន់នៃការសហការគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្នុងន័យនេះ Poscar Digital និងធនាគារកាណាឌីយ៉ា ទន្ទឹងរង់ចាំពង្រឹងទំនាក់ទំនងដ៏រឹងមាំមួយ ដើម្បីកសាងវេទិកាឌីជីថលប្រកបដោយភាពច្នៃប្រឌិតសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រព័ន្ធ ecosystem ឱ្យកាន់តែប្រសើរឡើង។

គួរជម្រាបថា «Vithean» គឺជាប្រព័ន្ធគណនេយ្យបែបឌីជីថលថ្មីមួយ ផ្ដួចផ្ដើមឡើងដោយ ផុស្ការ ឌីជីថល ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់សម្បូរធនធានជំនាញផ្នែកព័ត៌មានវិទ្យា និងបទពិសោធន៍ប្រតិបត្តិការជាក់ស្ដែង និង អេហ្វអាយអាយ& អឺសូស៊ីអេត បានផ្ដល់នូវសេវាកម្មបញ្ជីការគណនេយ្យ និងបច្ចេកទេស គណនេយ្យដល់អតិថិជនជាង ២០ឆ្នាំមកហើយនៅក្នុងទីផ្សារអាជីវកម្ម។

ឆ្លៀតក្នុងឱកាសនេះដែរដើម្បីអបអរភាពជាដៃគូនេះ ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេសទៅដល់អតិថិជន ដែលជាវនូវកញ្ចប់ណាមួយរបស់កម្មវិធីប្រព័ន្ធគ្រប់គ្រងគណនេយ្យ វិធាន នឹងទទួលបានការថែមជូនរយៈពេលនៃការប្រើប្រាស់ ៦ខែ ដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលជាសមាជិក របស់ធនាគារកាណាឌីយ៉ា៕

Share Post:

Facebook
LinkedIn
Twitter
Email